ក្រុមការងារ និងគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ប្រជុំផ្សព្វផ្សាយរៀនសូត្រសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១
ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលមហោស្រពខេត្តឯកឧត្តមប្រធានក្រុមការងារនិងគណបក្សខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តម ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារខេត្តក្រចេះដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការនៅថ្នាក់ជាតិដែលជាប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុង ប្រធាន អនុប្រធានគណបក្សខេត្ត ស្រុក ក្រុងទាំង៦ ឃុំ សង្កាត់ទាំង៤៧ ព្រមទាំងតំណាងយុវជន ២០នាក់ សរុបមានអ្នកចូលរួមចំនួន ៣៨៦នាក់។
បន្ទាប់ពីឯកឧត្តម វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជាប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានអានសេចក្តីសង្ខេបរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ រួចមកឯកឧត្តម ព្រុំ សុខា បានថ្លែងមតិបូកសរុបកិច្ចប្រជុំដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗ នៃការវាយតម្លៃសន្និដ្ឋាន និងការនិទស្សប៉ាន់ស្មានការវិវដ្តប្រែប្រួលនៃសភាពការណ៍នាពេលខាងមុខ ក៏ដូចជាទិសដៅភារកិច្ចអាទិភាពសម្រាប់ឆ្នាំ២០២១។
ជារួមអង្គប្រជុំទាំងមូលបានត្រងត្រាប់រៀនសូត្រដោយយកចិត្តទុកដាក់នូវខ្លឹមសារឯកសារដ៏សំខាន់របស់គណបក្សពិសេសមគ្គុទេសក៏ប្រកបដោយបញ្ញាញាណដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសំរួចឆន្ទៈ និងការប្តេជ្ញាចិត្តមុះមុត ដើម្បីប្រែក្លាយទិសដៅភារកិច្ចនយោបាយរបស់គណបក្សឱ្យក្លាយជាសមិទ្ធផលជាក់ស្តែង រួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុសុខសន្តិភាព អភិវឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់ប្រទេសជាតិ និងប្រជាជនតរៀងទៅ។