-ស្ថាប័នមុខងារសាធារណៈ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយព្រះរាជក្រមលេខ១៨១នស ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៥៧ ដែលនៅពេលនោះមានឈ្មោះថា “មន្ទីរចាត់ការមុខក្រសួងសាធារណៈ” ហើយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់នាយករដ្ឋមន្ត្រី។ តមកនៅឆ្នាំ១៩៥៧-១៩៧០ កិច្ចការមុខងារសាធារណៈ ជាអង្គភាពស្ថិតក្នុងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងរបបសាធារណៈរដ្ឋខ្មែរ នាឆ្នាំ១៩៧០-១៩៧៥ មន្ទីរចាត់ការមុខក្រសួងសាធារណៈ ស្ទើរតែពុំមានអ្វីផ្លាស់ប្តូរទេ ក៏ប៉ុន្តែមន្ទីរចាត់ការមុខក្រសួងសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័នរដ្ឋគ្រប់វិស័យដ៏ទៃទៀតត្រូវបានបំផ្លិចបំផ្លាញចោលទាំងស្រុង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយគេដាក់ជំនួសវិញនូវរចនាសម្ព័ន្ធថ្មីឈ្មោះថា “អង្គការ” ចាប់ពីឆ្នាំ១៩៧៥-១៩៧៩។ នៅក្នុងទស្សវត្សទី៨០ រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានប្រគល់កិច្ចការគ្រប់គ្រងរដ្ឋការជូនគណៈចាត់តាំងដែលជាស្ថាប័នគណបក្សនិងក្រសួងផែនការជាស្ថាប័នរដ្ឋាភិបាល។
-នៅក្នុងទស្សវត្សទី៩០ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី១ នៃរដ្ឋសភា បានសម្រេចបង្កើត “រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ” តាមរយៈព្រះរាជក្រមលេខ នស/រកប/០១៩៦/២៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដើម្បីទទួលបេសកកម្មដឹកនាំ និង គ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ការងារបៀវត្ស-ពលកម្ម នៅតាមរាជធានី ខេត្ត ត្រូវបានផ្ញើនៅមន្ទីរផែនការ រាជធានី ខេត្ត តាមរយៈប្រកាសអន្តរក្រសួងលេខ២៣១ប្រក.ផក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការប្រគល់ការងារបៀវត្ស-ពលកម្មជូនមន្ទីរផែនការខេត្ត-ក្រុង របស់ក្រសួងផែនការនិងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។
-រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានបង្កើត “ក្រសួងមុខងារសាធារណៈ” ដោយព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ ដោយបានដាក់បញ្ចូលស្ថាប័នចំនួនបីរួមមាន រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ដែលមានមុខងារ និង បេសកកម្មសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។