ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់


ខេត្តពោធិ៍សាត់៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍​សាត់ ក្រោមអធិ​បតី​ភាព ឯក​ឧត្តម យូ ស៊ុន​ឡុង រដ្ឋ​មន្ត្រី​ប្រ​តិ​ភូ​អម​នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តនិងមន្រ្តីរាជការ យ៉ាងច្រើនកុះករ។


នៅក្នុងឱកាសនោះ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ ឲ្យពង្រឹងសមត្ថភាពខ្លួន ជាពិសេសត្រូវខិតខំរៀនសូត្រពីលិខិតបទដ្ឋានគតិយុត្តស្តីពី ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ការអនុវត្តតួនាទីនិងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរមុខងារសាធារណៈ ការពង្រឹងនឹងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និង មន្ទីរនានាជុំវិញខេត្ត ។
ជាទីបញ្ចប់ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រុញអោយលោកប្រធានមន្ទីរថ្មីចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការ ជូនអភិបាលខេត្តលើកិច្ចការមុខងារសាធារណៈ ជាពិសេសក្តាប់ស្ថិតិមន្ត្រីរាជការក្នុងខេត្ត ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១