ឯកឧត្តមប្រធានក្រុមការងារខេត្តក្រចេះបន្តចុះជួបប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានតាមភូមិក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី


ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ បានចុះទៅពិនិត្យស្ថានភាពរួមនៃជីវភាពរស់នៅរបស់ប្រជាជននិងស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងរដ្ឋបាលនៅភូមិល្អ ភូមិត្រពាំងទ្រាំង និងភូមិដែកភ្លើង ដែលជាភូមិឧបសម្ព័ន្ធរបស់ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។


ការចុះទៅពិនិត្យស្ថានភាពនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការរួមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង នាយក នាយករងសាលាភូមិន្ទរដ្ឋបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលស្រុកចិត្របុរី មន្ត្រីរាជការតាមមន្ទីរជំនាញនៅថ្នាក់ខេត្ត ស្រុក និងមន្ត្រីមូលដ្ឋានឃុំចង្រ្កង់។ នៅភូមិល្អ ក្រុមការងារបានចុះទៅជួបសំណេះសំណាលតាមខ្នងផ្ទះ ស្វែងយល់ពីស្ថានភាពជីវភាពជាក់ស្តែង របស់ប្រជាពលរដ្ឋ។


ក្នុងចំណោមប្រជាជន ២៥៨ គ្រួសារ សរុបចំនួនមនុស្ស ១.៥៤៨ នាក់ កំពុងរស់នៅបច្ចុប្បន្នក្នុងភូមិល្អនេះភាគច្រើនជាអ្នកចំណូលស្រុកដែលមានចំនួនប្រមាណជា ៦០% ហើយចំនួនប្រមាណ ៤០% ទៀតគឺជាបងប្អូនជនជាតិដើមភាគតិចព្នងដែលរស់នៅក្នុងមូលដ្ឋាននេះតាំងពីយូរលង់ណាស់មកហើយ។


ដោយឡែក នៅភូមិត្រពាំងទ្រាំងនិងភូមិដែកភ្លើង ក្រុមការងារបានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ ២០០នាក់ តំណាងឱ្យបងប្អូន ៤៣៨ គ្រួសារ មានចំនួនមនុស្សសរុប ១.៧៨៥ នាក់ ដែលបានជួបជុំប្រមូលផ្តុំគ្នានៅក្នុងបរិវេណវត្តរុក្ខរត្តនារាមត្រពាំងទ្រាំង។ ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងពីរនេះភាគច្រើនក៏ជាអ្នកចំណូលស្រុកដែលមានចំនួនប្រមាណ ៧០% (មកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង…) ឯ ៣០% ទៀតគឺជាបងប្អូនជនជាតិដើមភាគតិចព្នង។


ក្នុងឱកាសជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារបានថ្លែងកោតសរសើរក្នុងនាមសម្តេចតេជោ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជូនចំពោះស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិឧបសម្ព័ន្ធទាំងបី ដែលបានចូលរួមគាំទ្រយ៉ាងសកម្មចំពោះបុព្វហេតុកសាង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរយៈពេលកន្លងមក ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតជារៀងដរាប។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១