ពិធីជួបសំណេះសំណាលជាមួយជនបង្គោលក្រុមការងារចំណាកស្រុកនៃភូមិទាំង១០៨ ក្នុងស្រុកបាភ្នំ


ខេត្តព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយជនបង្គោលក្រុមការងារចំណាកស្រុកតាមភូមិនីមួយៗ មានអ្នកចូលរួម២នាក់ ដែលតំណាងឱ្យបងប្អូនកម្មករ ពលករចំណាកស្រុកនៃភូមិទាំងអស់១០៨ ក្នុងស្រុកបាភ្នំ។


ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកស្រី អស់លោក អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាអនុប្រធាន ជាសមាជិកក្រុមការងារស្រុក ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក មេឃុំ មេភូមិទាំងអស់ សរុបចំនួនប្រមាណជាង៣០០នាក់។


ផ្អែកតាមរបាយការណ៍របស់លោក ទេព ភារុន អភិបាលស្រុកបាភ្នំ មកដល់បច្ចុប្បន្នក្នុងស្រុកបាភ្នំទាំងមូលមានបងប្អូនកម្មករ ពលករចំណាកស្រុកចំនួន២៥៣១៣នាក់ ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស អង្គភាពអាជីវកម្ម ការដ្ឋានសំណង់ឯកជន និងសេវាផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ ទីប្រជុំជននានាក្នុងប្រទេស ក្នុងនោះ២៩៥នាក់ជាកម្មករ ពលករចំណាកស្រុកក្រៅប្រទេស។


ខ្លឹមសារមតិសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា នាពេលនោះផ្តោតជាសំខាន់លើការកសាងបណ្តាញទំនាក់ទំនងផ្សារភ្ជាប់ជាប្រចាំរវាងក្រុមការងារជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក សំដៅលើកកម្ពស់ស្មារតីសាមគ្គីភាពបំពេញការងារ ពុះពារការលំបាកជាបញ្ហាប្រឈមនានា រួមគ្នាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍន៍របស់មាតុភូមិ។


នៅចុងបញ្ចប់ មានការរៀបចំហូបបាយសាមគ្គីមួយដើម្បីអបអរសាទរពិធីបុណ្យជាតិអុំទូក អកអំបុក សំពះព្រះខែ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១