ឯកឧត្តមប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បានអញ្ជើញដឹកនាំប្រជុំរៀបចំកសាងបណ្តាញទំនាក់ទំនងផ្សារភ្ជាប់ជាមួយបងប្អូន កម្មករពលករចំណាកស្រុក


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែងបានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាពីការរៀបចំកសាងបណ្តាញទំនាក់ទំនងផ្សារភ្ជាប់ជាមួយកម្មករពលករចំណាកស្រុក ដែលរហូតមកទល់ពេលនេះ នៅទូទាំងខេត្តមានចំនួនប្រមាណ៣០ម៉ឺននាក់។

កន្លងមកទោះស្ថិតក្នុងស្ថានភាពត្រូវប្រឈមទល់នឹងជំងឺកូវីដ១៩ក៏ដោយ ក៏ឯកឧត្តមប្រធានក្រុមការងារតែងបានខិតខំពុះពារជួបប្រាស្រ័យជាប្រចាំជាមួយបងប្អូនចំណាកស្រុក តាមរយៈការចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងការជួបជុំប្រមូលផ្តុំជាក្រុមតូចៗ និងការជួបសំណេះសំណាលក្នុងឱកាសឈប់សំរាកពេលបុណ្យសំខាន់ៗ ជាអាទិ៍ ពេលឈប់សំរាកជំនួសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា និងក្នុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា។

ជារួមកន្លងមកនេះ ឯកឧត្តមប្រធានក្រុមការងារចំណាកស្រុក ដោយមានកិច្ចសហការពីក្រុមការងារដទៃទៀត និងគណបក្សស្រុក ក្រុង ឃុំ សង្កាត់ បានចាត់ចែងរៀបចំឲ្យមានកម្មវិធីប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយកម្មករពលករចំណាកស្រុក ដោយបានជួបសំណេះសំណាលជាមួយបងប្អូនចំណាកស្រុកសរុបចំនួន៧២,៥២៥ នាក់ ក្នុងនោះស្រី្តចំនួន ៤៤,៣៦១នាក់ និងចំណាយថវិកាអស់ ៦១២,៣៦៩,២០០រៀល។

ចំពោះកម្មករពលករចំណាកស្រុកដែលបាត់បង់ការងារ ហើយបានវិលត្រឡប់មករស់នៅមូលដ្ឋានភូមិ ឃុំវិញ ក្រុមការងារនៅមូលដ្ឋានខិតខំរក្សាការប្រាស្រ័យទាក់ទងជាប្រចាំ ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនទាំងអស់នោះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារក៏បានដាក់ផែនការបន្តរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករពលករចំណាកស្រុក ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដោយត្រូវខិតខំប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពសុខាភិបាល។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១