វគ្គបណ្តុះបណ្តាល ស្តីពី ”បទពិសោធន៍នៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងវិស័យសាធារណៈ(The Best Practices on Public Sector Performance Management )”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ”បទពិសោធន៍នៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងវិស័យសាធារណៈ(The Best Practices on Public Sector Performance Management )” ដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញមាន រយៈពេល០២ថ្ងៃ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ (Hotel Le Royal Phnom Penh) និងមានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋានទទួលបន្ទុកបុគ្គលិកឬអភិវឌ្ឍធនធានមនុស្សនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងនាយករដ្ឋបាល ឬមន្រ្តីជំនាញទទួលបន្ទុកអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួន ៨៧ នាក់ ស្រី ០៥ នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ(KDI) ក្រោមការសម្របសម្រួលពីធនាគារពិភពលោក(World Bank) ក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការអនុវត្តការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងរដ្ឋបាលសាធារណៈនៃប្រទេសកូរ៉េ ជាពិសេស គឺបញ្ហាប្រឈម និងកត្តាជោគជ័យ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដល់មន្រ្តីរាជការកម្ពុជាកម្រិតគ្រប់គ្រងទទួលបន្ទុកការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស។
បញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ដូចខាងក្រោម៖
– ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកូរ៉
– បញ្ហាប្រឈម និងកត្តាជោគជ័យ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម
– ប្រព័ន្ធបៀវត្ស និងការលើកទឹកចិត្តផ្សេងៗ
– តួនាទីរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
– រដ្ឋាភិបាលអេឡិចត្រូនិច និងអភិបាលកិច្ចល្អ (E-Government and Good Governance)
ចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលខាងលើ សិក្ខាកាមអាចយកទៅប្រើប្រាស់ជាធាតុចូលសម្រាប់ពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ឬស្ថាប័នរៀងៗខ្លួន។