ក្រុមការងារចំណាកស្រុកខេត្តព្រៃវែងរៀបចំកម្មវិធីសំណេះសំណាល និងជួបប្រាស្រ័យ ផ្សាភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសឈប់សំរាកពីការងារ

ខេត្តព្រៃវែង៖ ក្នុងឱកាសឈប់សំរាកពីការងារដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ គឺជាពេលវេលាដែលបងប្អូនកម្មករពលករ ចំណាកស្រុកវិលត្រឡប់មកជួបជុំ ក្រុមញាតិ គ្រួសារក្នុងមូលដ្ឋានភូមិ ឃុំរបស់ខ្លួននោះ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែងរួមជាមួយក្រុមការងារដទៃទៀត និងអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ភូមិ នៅទូទាំងខេត្តព្រៃវែង បានសស្រាក់សស្រាំសហការគ្នាចាត់ចែងរៀបចំឲ្យមានកម្មវិធីសំណេះសំណាល និងជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនចំណាកស្រុក នៅតាមសាលារៀន វត្តអារាម និង ទីកន្លែងសមស្របនានាបានចំនួនជាង៥ម៉ឺននាក់។

ជាមួយនឹងសារក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺកូវីដ១៩ និងចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ ក្រុមការងារបានលើកទឹកចិត្តដល់បងប្អូន កម្មករ ពលករ ចំណាកស្រុកត្រូវបន្តប្រកាន់ស្មារតីតស៊ូ ប្រឹងប្រែងអត់ធ្មត់ និងមានអធ្យាស្រ័យខ្ពស់ ដើម្បីរួមគ្នាឆ្លងកាត់នូវ កាលៈទេសៈលំបាកនេះ និងជំនះបានផលវិបាកនៃជំងឺដ៏កាចសាហាវនេះ។

ក្រុមការងារក៏បានលើកឡើងពីកិច្ចខិតខំ និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពុះពារ ទ្រោល បានស្ថានភាព សេដ្ឋកិច្ច និងគ្រប់គ្រងបានប្រក្រតីភាព នៃសង្គមជាតិ ព្រមទាំងដោះស្រាយបានជា បណ្តើរៗវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩ ជាអាទិ៍ៈ ការបង្កើតថ្មីការងារនិងមុខរបរសម្រាប់អ្នករងគ្រោះ ការជួយសម្របសម្រួលជាមួយមីក្រូហិរញ្ញវត្ថុចំពោះបំណុលរបស់ ប្រជាជនការឧបត្ថម្ភអំណោយសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងរងគ្រោះការគាំទ្រ ជំរុញ និងលើកកម្ពស់សកម្មភាព វារីវប្បកម្ម ការដាំដំណាំ និងការចិញ្ចឹមសត្វ។ល។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានគូសបព្ជាក់ ពីការឃោសនាអកុសលនានារបស់មជ្ឈដ្ឋានអគតិ ដែលតែងឆ្លៀតឱកាសធ្វើការវាយប្រហារចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន ត្រឹមត្រូវ សំដៅទំលាក់កំហុសគ្រប់យ៉ាងដោយ ចេតនាទុច្ចរិតចង់ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ទោះបីប្រទេសជាតិ និងប្រជាជនយើងបាន និងកំពុងប្រឈមទល់នឹងមហន្តរាយ នៃជំងឺ កូវីដ១៩ក៏ដោយ។

ចុងក្រោយក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយសមត្ថភាពខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីរួមគ្នាបង្កើតជាមហាកំលាំងសាមគ្គីប្រជាជាតិដ៏រឹងមាំ ប្រយុទ្ធយកឈ្នះឲ្យបានជំងឺកូវីដ១៩ ដើម្បីនាំសង្គមកម្ពុជាដ៏ស្រស់បំព្រង ត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ បន្តរក្សាបាននូវ សុខសន្តិភាពជានិច្ចនិរន្តរ៍ និងការរីកចម្រើនឥតឈប់ឈរសម្រាប់អនាគត ដ៏រុងរឿងរបស់យើង ទាំងអស់គ្នា៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១