ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអញ្ជើញចូលជួបរាយការណ៍ និងស្នើសុំមតិណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលជួបរាយការណ៍ និងស្នើសុំមតិណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ មានគោលបំណងសុំមតិណែនាំពីសម្តេចក្រឡាហោម ស ខេង ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងឯកសារកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០២០-២០៣០ និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពអនុវត្ត មុននឹងដាក់ឯកសារទាំងនេះ ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១