ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ ព្រមទាំងមានពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរងខេត្តក្រចេះថ្មី ដោយមានការចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងជំរុញស្នើឲ្យរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តរួមសហការគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបដិវត្តពណ៌។ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏មានមតិផ្តាំផ្ញើមួយចំនួនទាក់ទងទៅនឹងការពង្រឹងរបៀបរបបការងារក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ត្រូវដើរតួនាទីជាស្នូលក្នុងការពង្រឹងកិច្ចដំណើរការអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងជាពិសេសនោះ មន្ទីរសុខាភិបាលខេត្ត ត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់ក្នុងការតាមដាន និងអប់រំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់នូវជម្ងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ដើម្បីប្រជាជនយើង និងប្រទេសយើង គ្មានការឆ្លង និងស្លាប់ដោយជម្ងឺនេះ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១