សិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង «ជ័យលាភីលេខ១ មន្ទីរពេទ្យ ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ ឆ្នាំ២០១៩»

ខេត្តកោះកុង៖ កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីភាពពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលជាជ័យលាភីលេខ១ មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ ឆ្នាំ២០១៩ ។

 

សិក្ខាសាលានេះរៀបចំក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃមន្ទីរពេទ្យបង្អែក ដែលជាមន្ទីរពេទ្យបង្អែកគំរូ និងផ្តល់វេទិការពិភាក្សាប្រមូលផ្តុំបញ្ញាញាណ ដើម្បីកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

 

សូមជម្រាបថាអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តកោះកុង ប្រធានមន្ទីរពេទ្យ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល សរុបចំនួន ១៥០នាក់ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១