ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបើកសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ នៃគណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ (គ.ជ.អ.ប.)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្តីការក្រសួងមហាផ្ទៃ ។

ការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គ.ជ.អ.ប ត្រូវបានគិតគូរប្រមូលផ្តុំនូវបញ្ហាជាអាទិភាពនានាដែលបានកំណត់ក្នុងកម្មវិធីជាតិ១០ឆ្នាំ ហើយអ្វីមិនទាន់អាចសម្រេចបានក្នុងបណ្តាឆ្នាំកន្លងមក ព្រមជាមួយនឹងបញ្ហាជាអាទិភាពនានាគឺគ្រោងសម្រេចឲ្យបាននាឆ្នាំចុងក្រោយនៃកម្មវិធីជាតិនេះ ដោយផ្អែកលើមូលដ្ឋាននៃកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ(២០១៩-២០២៣) ព្រមទាំងផ្អែកលើមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម។ សកម្មភាពជាអាទិភាពនានាដែលត្រូវបានគ្រោងក្នុងសេចក្តីព្រាងបឋមនៃផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ របស់ គ.ជ.អ.ប ដែលនឹងត្រូវយកមកពិនិត្យ និងពិភាក្សាគ្នាក្នុងសិក្ខាសាលានេះ ក៏មានការជជែកពិភាក្សាគ្នាជាបឋមជាមួយក្រុមការងារតំណាងក្រសួង ស្ថាប័នអនុវត្តនាពេលកន្លងមកផងដែរ។ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមជូនអង្គសិក្ខាសាលាថា ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០នេះ នឹងប្រើប្រាស់នូវយុទ្ធសាស្រ្តចំនួន៣ រួមមានៈ ១.ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងរដ្ឋបាលសាធារណៈ ២.ការជំរុញនិងការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ៣.ការផ្សារភ្ជាប់សកម្មភាពកំណែទម្រង់រដ្ឋបាលសាធារណៈជាមួយនឹងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល។

អង្គសិក្ខាសាលានេះរៀបចំទ្បើងដោយ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័ននានា តំណាងគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលរាជធានី-ខេត្ត អង្គការដៃគូនានា និងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើន​ សរុបចំនួន​ ៤៩០រូប។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១