សិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការជាន់ខ្ពស់”



រាជធានីភ្នំពេញ៖ សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ
សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការជាន់ខ្ពស់” នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រមទាំងមានវត្តមានចូលរួមពីអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ តាមក្រសួង ស្ថាប័ន និងអភិបាលរាជធានី ខេត្ត ប្រមាណ៣០០ នាក់។

បន្ទាប់ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ឡើងថ្លែងសន្ទរកថាស្វាគមន៍ចប់ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងមុខងារសាធារណៈដែលបានសហការផ្តួចផ្តើមរៀបចំឲ្យមានសិក្ខាសាលានេះឡើង សម្រាប់ផ្តល់ឱកាសឲ្យមន្ត្រីជាន់ខ្ពស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាឈ្វេងយល់ និងពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗពាក់ព័ន្ធកំណែទម្រង់ស្នូលទាំងបីរបស់រាជរដ្ឋាភិបាល ដែលមានទំនាក់ទំនងផ្សាភ្ជាប់គ្នានិងមានការគាំទ្រគ្នាទៅវិញទៅមក គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅរួមគ្នាជំរុញដំណើរការកំណែទម្រង់ស្នូលទាំងបីនេះឲ្យមានភាពប្រទាក់ក្រឡាគ្នា មានសុខដុមនីយកម្មជាមួយគ្នា និងឈានទៅសម្រេចបានគោលដៅរួមតែមួយជាមួយគ្នានោះ គឺលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយលក្ខណៈឆ្លើយតប និងមាននិរន្តរភាព។

ចុចទីនេះដើម្បីទាញយកឯកសារៈ សិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អសម្រាប់មន្រ្តីរាជការជាន់ខ្ពស់”​

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១