កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២

 


រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៥ ខែកក្តដា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក នៅសាល D ជាន់ទី៣ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានរៀបចំ និងដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ របៀបវារៈ ចំនួន២ គឺ ១.សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ២.សេចក្តីព្រាងសារាចរ ការកែសម្រួលនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិល អោយចូលនិវត្តន៍។

– គោលដៅសំខាន់នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធ គ្រប់គ្រងនៃក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ 

+ ធានាអោយមានសង្គតិភាពនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

+ កំណត់ចំនួនអតិបរមានៃមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងចាប់ពីមុខតំណែងគ្រប់គ្រងខ្ពស់បំផុត រហូត ដល់មុខតំណែងគ្រប់គ្រងទាបបំផុតក្នុងមុខងារសាធារណៈ

+ កំណត់បន្ទាត់គណនេយ្យភាពនិងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នក្នុងការគ្រប់គ្រងនិងរៀបចំរចនាសម្ព័ន្ធ ព្រមទាំងការតែងតាំងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។

អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងគ្រប់គ្រងរបស់នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទឡើយ។


– គោលដៅសំខាន់នៃសេចក្តីព្រាងសារាចរ ស្តីពីការកែសម្រួលនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលអោយចូលនិវត្តន៍៖

+ ដើម្បីការពារផលប្រយោជន៍ដល់និវត្តជន និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងការដាក់មន្រ្តីរាជការស៊ីវិល អោយចូលនិវត្តន៍។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ នីតិវិធីថ្មីសម្រាប់ការៀបចំឯកសារចូលនិវត្តន៍ ដោយកាត់បន្ថយ បែបបទផ្សេងៗដែលមិនចាំបាច់ និងសម្រេចយកព័ត៌មានដែលមានក្នុងទិន្នន័យនៃក្រសួងមុខងារសាធារណៈ ទៅប្រើប្រាស់ជាព័ត៌មាននៅក្នុងបេឡាជាតិ របបសន្តិសុខសង្គម (បសស) នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំនួសវិញ។

+ មន្ត្រីរាជការស៊ីវិលដែលត្រូវចូលនិវត្តន៍ ត្រូវទទួលបានប្រាក់ឧបត្ថម្ភមួយលើកគត់ តាមរយៈអតីតភាព ដែលបម្រើការងារជាមន្រ្តីរាជការស៊ីវិលរបស់ខ្លួន ក្នុងខែដែលបានដាក់ អោយចូលនិវត្តន៍។

+ និវត្តជននឹងត្រូវបានទទួលនូវប្រាក់បៀវត្សប្រចាំខែរបស់ខ្លួននាខែបន្ទាប់ពីដាក់អោយចូលនិវត្តពី បេឡាជាតិរបបសន្តិសុខ សង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១