ឯកឧត្តមប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង ប្រជុំលើកវិធានការឆ្លើយតបការវិលត្រឡប់មកវិញរបស់បងប្អូនកម្មករ ពលករខ្មែរពេលផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នៅប្រទេសថៃ


រាជធានីភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បានបើកកិច្ចប្រជុំការងាររបស់ខ្លួនដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងលើកទិសដៅបន្ត ពិសេសផែនការសកម្មភាពជាក់ស្តែងជាវិធានការបន្ទាន់ចាំបាច់ឆ្លើយតបចំពោះការវិលត្រឡប់មកវិញរបស់បងប្អូនកម្មករ ពលករចំណាកស្រុកពេលដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នៅប្រទេសថៃ ។


រយៈពេលចាប់ពីដើមខែមេសា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ លេខាធិការដ្ឋានក្រុមការងារចំណាកស្រុកបានធ្វើជាស្នូលឱ្យក្រុមការងារខេត្ត និងរដ្ឋបាលស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែងក្នុងកិច្ចសហការរៀបចំបង្កលក្ខណៈដល់ការធ្វើចត្តាឡីស័កជូនបងប្អូនពលករចំណាកស្រុកប្រមាណ ១២.០០០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។


ថ្មីៗនេះ ការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅខេត្តសាមុទ្ទសាខន ប្រទេសថៃ បានបង្កឱ្យមានការវិលត្រឡប់មកវិញជារៀងរាល់ថ្ងៃនៃបងប្អូនកម្មករ ពលករចំណាកស្រុកមួយចំនួន។


គិតមកទល់ពេលនេះ មានបងប្អូនពលករចំណាកស្រុក ចំនួន ១៤១នាក់ (ស្រី២៩នាក់) បានវិលត្រឡប់មកដល់មូលដ្ឋានស្រុកកំណើតនៃខេត្តព្រៃវែងរួចហើយ។


ក្នុងចំណោមបងប្អូនទាំងនោះ មានចំនួន ៤៥នាក់ ត្រូវបានអាជ្ញាធរ និងកងកំលាំងយោធាទទួល បង្កលក្ខណៈងាយស្រួលនៅព្រំដែន និងដឹកជញ្ជូនមកដល់ខេត្ត។


ក្រោយឆ្លងកាត់ការធ្វើតេស្តរួច បងប្អូនទាំងអស់នោះ ត្រូវបានក្រុមការងាររៀបចំបង្កលក្ខណៈបញ្ជូនឱ្យទៅស្នាក់នៅធ្វើចត្តាឡីស័កនៅថ្នាក់ស្រុក ក្រុង។


ក្រៅពីនោះត្រូវបានរៀបចំយកសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័កទៅតាមលទ្ធភាពនៃមូលដ្ឋាននីមួយៗ។


ផ្អែកលើស្ថានភាពជាក់ស្តែងខាងលើ កិច្ចប្រជុំបានលើកឡើងនូវវិធានការចាំបាច់មួយចំនួនដើម្បីបន្តអនុវត្ត ដោយខិតខំប្រតិបត្តិឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួននូវរាល់វិធានវេជ្ជសាស្ត្រ សំដៅសហការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរការត្រៀមរៀបចំជាស្រេចការទទួលបងប្អូនពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃវិញជាបន្តទៀត។


ជារួមក្រៅពីសកម្មភាពការងាររបស់ខ្លួនក្នុងការចូលរួមសហការដើម្បីរក្សាសុវត្ថិភាព សុខុមាលភាពរបស់បងប្អូនពលករចំណាកស្រុកវិលត្រឡប់ពីក្រៅប្រទេស និងបង្ការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ចូលក្នុងសហគមន៍ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង នៅតែប្តេជ្ញាបន្តការងារអប់រំសតិអារម្មណ៍សាធារណជននៅមូលដ្ឋាន ដើម្បីរួមចំណែកពង្រឹងបុព្វហេតុរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាដរាបតរៀងទៅ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១