ឯកឧត្តម ឌុច ដារិន្ទ ទីប្រឹក្សាក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវិស័យមុខងារសាធារណៈ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរដ្ឋមុខងារសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូអនទ្បាញ (Virtual Meeting)


រាជធានីភ្នំពេញ៖ កាលពីសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ឌុច ដារិន្ទ ទីប្រឹក្សាក្រសួង និងជាប្រធានក្រុមការងារពិគ្រោះយោបល់របស់ក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារពិគ្រោះយោបល់របស់ក្រសួងមុខងារសាធារណៈ ដើម្បីចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Virtual Meeting) ស្តីពីកិច្ចពិភាក្សាលើវិស័យមុខងារសាធារណៈ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរដ្ឋមុខងារសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពចូលរួមពីលោក Pan Haifeng អគ្គនាយករងគ្រប់គ្រងមុខងារសាធារណៈនៃរដ្ឋបាលរដ្ឋមុខងារសាធារណៈរបស់សាធារណរដ្ឋប្រជាមានិតចិន និងសហការី ព្រមទាំងមានការចូលរួមពីលោក Wang Dexin ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា និងសហការី។


ក្រុមការងារពិគ្រោះយោបល់របស់ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន បានពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើខ្លឹមសារសំខាន់ៗ រួមមាន៖ មតិស្វាគមន៍ ការធ្វើបទបង្ហាញលើប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈរបស់ប្រទេសចិន និងកម្ពុជា ការពិភាក្សាផ្លាស់ប្តូរយោបល់លើប្រព័ន្ធមុខងារសាធារណៈរវាងប្រទេសទាំងពីរ ពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា (ICT) ។ល។ កិច្ចប្រជុំខាងលើបានបញ្ចប់ទៅដោយជោគជ័យ និងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយស្មារតីសាមគ្គី ភាពខ្ពស់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១