ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ


រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈ អាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) (20th Head of ACCSM និង 5th Head of ACCSM+3) តាមប្រព័ន្ធវីដេអូ រៀបចំដោយការិយាល័យគណៈកម្មាធិការមុខងារសាធារណៈប្រទេសថៃ។


កិច្ចប្រជុំបានពិនិត្យការអនុវត្តផែនការការងារ ឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសជាសមាជិកក្នុងផ្នែកនៃការអភិវឌ្ឍក្របខណ្ឌការងារផ្អែកលើសមត្ថភាពមន្ត្រី ការកសាងសមត្ថភាពស្ថាប័ន ការពង្រឹងភាពជាអ្នកដឹកនាំ ការពង្រឹងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានរបស់ប្រទេសជាសមាជិកនិងការកែទម្រង់វិស័យសាធារណៈ។


កិច្ចប្រជុំក៏បានទទួលស្គាល់ចំពោះលទ្ធផលល្អនៃការអនុវត្តសេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍អាស៊ានពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងបានផ្តល់សារៈសំខាន់រួមគ្នាចំពោះការធ្វើទំនើបកម្មមុខងារសាធារណៈអាស៊ានតាមរយៈ រដ្ឋាភិបាលអេឡិកត្រូនិក (E-government) និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិកត្រូនិក (E-Service)។


ក្នុងពេលកន្លងមក កម្ពុជាក៏បានដឹកនាំរៀបចំឯកសារគោលការណ៍ណែនាំរបស់អាស៊ានស្តីពីការផ្តល់សេវាសាធារណៈ ដែលជាឯកសារយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍយន្តការនៃការផ្តល់សេវាសាធារណៈរបស់ប្រទេសសមាជិកអាស៊ាន។


ឯកសារនេះ ត្រូវបានទទួលស្គាល់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។


ទន្ទឹមនេះ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ និងផែនការសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារសាធារណៈបូកបី (ចិន កូរ៉េ ជប៉ុន) ឆ្នាំ២០២០១ ដល់ ឆ្នាំ២០២៥។


កម្ពុជាបានលើកឡើងគម្រោងចំនួន ០៥ រួមមាន៖ (១). ទស្សនកិច្ចសិក្សាស្តីពីការផ្តល់សេវាសាធារណៈនៅប្រទេសចិននិងកូរ៉េ (២). ការអភិវឌ្ឍមជ្ឈមណ្ឌលអាស៊ានបូកបីស្តីពីការស្រាវជ្រាវនិងនវានុវត្តន៍ (៣). សិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំសម្រាប់ការកែទម្រង់ (៤). សិក្ខាសាលាស្តីពីឌីជីថលនីយកម្មក្នុងរដ្ឋបាលសាធារណៈ និង (៥). វេទិកាអាស៊ានបូកបីស្តីពីការផ្តល់សេវាសាធារណៈ។


ប្រមុខមុខងារសាធារណៈអាស៊ានក៏បានឯកភាពចំពោះការបន្តពង្រឹងបណ្តាញស្ថាប័នបណ្តុះបណ្តាលរដ្ឋបាលសាធារណៈរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព មន្រ្តីរាជការនៃប្រទេសសមាជិកអាស៊ាន។


ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី បានធ្វើការផ្លាស់ប្តូរទស្សនៈ ពាក់ពា័ន្ធនឹងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។


ឯកឧត្តម ព្រុំ សុខា បានលើកឡើងអំពីយុទ្ធសាស្រ្តជាតិនិងវិធានការណ៍មួយចំនួនក្នុងវិស័យមុខងារសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានជាអាទិ៍៖ រក្សាប្រាក់បៀវត្សរ៍មន្រ្តីរាជការ ការផ្អាកការជ្រើសរើសមន្រ្តីរាជការក្របខណ្ឌថ្មីក្នុងឆ្នាំ២០២០ ដើម្បីជួយសន្សំថវិកាជាតិ ការរៀបចំរបៀបនៃការបំពេញការងាររបស់មន្ត្រី ការរក្សាប្រក្រតីភាពនៃដំណើរការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយគោរពតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។


ចំពោះក្របខណ្ឌតំបន់ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអាស៊ានគួរតែបន្តការផ្លាស់ប្តូរព័ត៌មានជាមួយប្រទេសសមាជិកអាស៊ាន ចិន កូរ៉េ និងជប៉ុន ទាក់ទងទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ហើយអាស៊ានគួរបន្តជួយប្រទេសជាសមាជិកតាមរយៈជំនួយមនុស្សធម៌ផ្អែកលើលទ្ធភាព ជាក់ស្តែង កម្ពុជាថ្មីៗនេះ បានផ្តល់ម៉ាស់ចំនួនជាង ២លាន និងឧបករណ៍សុខាភិបាលមួយចំនួនទៀតដល់ប្រទេសឡាវផងដែរ។


ជាកិច្ចបញ្ចប់ ប្រទេសសមាជិកទាំងអស់ បានវាយតម្លៃខ្ពស់និងមានមោទនភាពចំពោះកិច្ចប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ ទោះជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។


កិច្ចប្រជុំនេះ បានបញ្ចប់ ប្រកបដោយផ្លែផ្កានិងផលិតភាពខ្ពស់ ផ្អែកលើស្មារតីជាប្រពៃណីនៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពអាស៊ាន។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១