ឯកឧត្តមប្រធានក្រុមការងារខេត្តក្រចេះ ចុះជួបប្រជាជន និងមន្ត្រីមូលដ្ឋាននៅឃុំកំពង់ដំរី និងឃុំដំរីផុង ក្នុងស្រុកឆ្លូងដើម្បីបន្តស្វែងយល់ពីការគ្រប់គ្រងរដ្ឋបាលភូមិឧបសម្ព័ន្ធ


ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ អមដំណើរដោយឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរអប់រំខេត្ត អភិបាលស្រុកឆ្លូង និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យស្ថានភាពរួម និងស្វែងយល់ស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងរដ្ឋបាលភូមិឧបសម្ព័ន្ធនៅឃុំកំពង់ដំរី និងឃុំដំរីផុង ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

នៅឃុំកំពង់ដំរី ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា និងសហការីក្នុងក្រុមការងារ បានចុះទៅជួបពិភាក្សាជាមួយប្រជាពលរដ្ឋ និងអ្នកគ្រប់គ្រងភូមិកំពង់ដំរីចាស់ និងភូមិច្រកដំបងដែលជាភូមិឧបសម្ព័ន្ធរបស់ភូមិប្រម៉ា។ បន្ទាប់មក ក្រុមការងារក៏បានជួបជជែកផ្លាស់ប្តូរយោបល់ជាមួយអនុប្រធានភូមិប្រម៉ា។

ក្នុងដំណើរផ្លូវជិត១០០គីឡូម៉ែត្រ ឆ្លងកាត់តំបន់ខ្ពង់រាបដែលមានសន្ទុះផលិតកម្មកសិកម្ម និងការអភិវឌ្ឍថ្មី ក្រុមការងារបានស្វែងយល់ឃើញទិន្នន័យមូលដ្ឋានសម្រាប់ការគ្រប់គ្រងកំណើនប្រជាជនចំណូលស្រុកដែលចូលមករស់នៅតាមភូមិឧបសម្ព័ន្ធនានាក្នុងខេត្តក្រចេះ។

មុនបញ្ចប់កម្មវិធីចុះស្វែងយល់ស្ថានភាពគ្រប់គ្រងរដ្ឋបាលភូមិឧបសម្ព័ន្ធ ក្រុមការងារក៏បានជួបពិភាក្សាផងដែរជាមួយលោកមេឃុំកំពង់ដំរី លោកស្រីមេឃុំដំរីផុង អស់លោក លោកស្រីជំទប់ឃុំ និងមន្ត្រីបម្រើការងាររដ្ឋបាលមូលដ្ឋាននៃឃុំទាំងពីរ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១