ក្រុមការងារខេត្តក្រចេះ ចុះជួបប្រជាជន និងមន្ត្រីមូលដ្ឋានក្នុងស្រុកស្នួល ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងរដ្ឋបាល


ខេត្តក្រចេះ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អមដំណើរដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិករដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធានក្រុមការងារស្រុកស្នួល អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលស្រុកស្នួល និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះទៅជួបសំណេះសំណាលជាមួយប្រជាជន និងមន្ត្រីជាថ្នាក់ដឹកនាំភូមិរដ្ឋបាលចំនួន១០ និងភូមិឧបសម្ព័ន្ធចំនួន២៧ ក្នុងឃុំគ្រញូងសែនជ័យ និងឃុំស្រែចារ នៅទីតាំង២កន្លែងផ្សេងគ្នា ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។

គោលបំណងសំខាន់នៃជំនួបនេះ គឺសំដៅស្វែងយល់ពីស្ថានភាពរួមរបស់មូលដ្ឋាន ជាពិសេសស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងរដ្ឋបាលក្នុងភូមិឧបសម្ព័ន្ធដែលមានប្រជាជនជាអ្នកផ្លាស់ទីលំនៅពីកន្លែងផ្សេងចូលមករស់នៅទីនោះ (អ្នកចំណូលស្រុក)។

សូមបញ្ជាក់ថា នៅស្រុកស្នួលទាំងមូល ក្នុងឃុំទាំង៦មានភូមិរដ្ឋបាលផ្លូវការចំនួន៤០ និងមានភូមិឧបសម្ព័ន្ធ (បណ្តោះអាសន្ន) ចំនួន៧៥ ដែលមានប្រជាពលរដ្ឋ ១១២៨៥គ្រួសារ និងចំនួនមនុស្សសរុប ៤៦១៥៤នាក់។

ក្នុងកិច្ចប្រជុំនាពេលរសៀលថ្ងៃដដែលរវាងក្រុមការងារជាមួយអាជ្ញាធរស្រុក គឺបានឯកភាពគ្នានឹងយកព័ត៌មានស្វែងយល់ឃើញខាងលើធ្វើជាបង្អែកឱ្យរដ្ឋបាលខេត្តក្រចេះ ធ្វើសំណើទៅថ្នាក់លើដើម្បីធ្វើការពិនិត្យដោះស្រាយឱ្យបានសមស្របទៅតាមសំណូមពររបស់មូលដ្ឋាន។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១