កឋិនទានរបស់ក្រសួងមុខងារសាធារណៈ រួមនិងក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះប្រមូលបច្ច័យបាន៤០០លានរៀល ដង្ហែទៅកាន់វត្ត១៧២ នៅទូទាំងខេត្តក្រចេះ


(ក្រចេះ)៖ អង្គកឋិនទានមួយ ដែលជាការរួមសាមគ្គីគ្នារវាងមន្ត្រីរាជការនៃ ក្រសួងមុខងារសាធារណៈ និងក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត បានរៀបចំប្រារព្វឡើងតាមពិធីព្រះពុទ្ធសាសនា នារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ និងនៅសាលាខេត្តក្រចេះ។


ពិធីដង្ហែអង្គកឋិនទាននេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែឆ្នាំដដែល ឆ្ពោះទៅកាន់វត្តទាំង ១៧២ នៅទូទាំងខេត្តក្រចេះ ដោយប្រមូលបច្ច័យបាន សរុបចំនួន ៤០០លានរៀល។ ក្រោយពិធីជួបជុំនៅសាលាខេត្តក្រចេះ និងការបែងចែកបច្ច័យតាមចំនួនវត្តជូនទៅក្រុមការងារចុះជួយស្រុក ក្រុងទាំង៦ រួចមក អង្គកឋិនទាននេះ ក៏ត្រូវបានដង្ហែជានិមិត្តរូបទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ក្នុងក្រុងក្រចេះយ៉ាងអធិកអធមក្រៃលែង។


ជារួមពិធីកឋិនទានខាងលើបានរួមចំណែកថ្លៃថ្លាដល់ការលើកតម្កើងព្រះពុទ្ធសាសនាដើម្បីជាគុណប្រយោជន៍ក្នុងការថែរក្សាសីលធម៌ប្រពៃរបស់សង្គមជាតិ ការកសាងសមិទ្ធផលក្នុងទីអាវាសវត្ត និងការឧទ្ទិសកុសលដល់បុព្វការីជនទាំងឡាយដែលមានសគុណចំពោះគ្រួសារនិងសង្គមជាតិ។


អ្នកចូលរួមពិធីបុណ្យទាំងអស់សុទ្ធតែទទួលបាននូវអានិសង្សនិងមនុញ្ញផលដែលកើតឡើងពីកឋិនទាននេះ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១