ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជួបសំណេះសំណាលជាមួយមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន អូស្រ្តាលី និងនូវែលហ្សេឡង់


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងអ្នកដែលទទួលជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។


សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក៏មានជំនួបសំណេះសំណាលបែបនេះផងដែររវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយមន្ត្រីរាជការជាជ័យលាភីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងជំនួបទាំង២លើកនេះមានជ័យលាភីចូលរួមសរុបចំនួន៣៨នាក់។


ក្នុងឱកាសជំនួបទាំង២លើកនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់ទទួលអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់ ទៅសិក្សាថ្នាក់អនុបណ្ឌិតក្នុងគ្រឹះស្ថានសិក្សាល្បីឈ្មោះនៅប្រទេសទាំងអស់នេះនាពេលខាងមុខ។


ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានធ្វើការផ្តាំផ្ញើក្នុងនាមរាជរដ្ឋាភិបាលចំពោះនិស្សិតអាហារូបករណ៍ទាំងអស់ ត្រូវក្តាប់ជាប់ឱកាសទទួលបានការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងនិងជំនាញពិតប្រាកដ ដើម្បីវិលត្រឡប់មកបម្រើមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត រួមចំណែកកាន់តែសកម្មក្លៀវក្លាក្នុងបុព្វហេតុសុខសន្តិភាព
និងការអភិវឌ្ឍ សម្រាប់អនាគតរុងរឿង ថ្កុំថ្កើងរបស់ជាតិយើងជារៀងដរាប។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១