ក្រុមការងារខេត្តក្រចេះ ប្រជុំត្រួតពិនិត្យ និងជំរុញការងារបន្ត ដើម្បីសម្រេចភារកិច្ចនយោបាយរបស់រាជរដ្ឋាភិបាល នាចុងឆ្នាំ២០២០នេះ


ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ នេះ នៅសាលមហោស្រពខេត្តក្រចេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររដ្ឋាភិបាលថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ បានជួបប្រជុំដើម្បីត្រួតពិនិត្យការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត សំដៅសំរេចឱ្យបានជោគជ័យនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ដោយមានការចូលរួមពីអស់លោក លោកស្រីអនុប្រធានក្រុម សមាជិកក្រុម ដែលជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ស្រុក ក្រុង តំណាងយុវជន ព្រមទាំងមន្ត្រីមូលដ្ឋានមកពីឃុំ សង្កាត់៤៧ នៃស្រុក ក្រុងទាំង៦ ក្នុងខេត្តក្រចេះ សរុបប្រមាណ ៥០០នាក់។

ដោយផ្អែកលើស្ថានភាពទូទៅ ដែលឆ្លុះបញ្ចាំងក្នុងរបាយការណ៍ត្រួតពិនិត្យការងារកន្លងមក និងទិសដៅបន្តដែលរាយការណ៍សង្ខេបដោយឯកឧត្ដម វ៉ា ថន ប្រធានគណបក្ស និងជាអភិបាលខេត្តក្រចេះ អង្គប្រជុំទាំងមូលបានឯកភាពលើមតិណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ប្រធានក្រុមការងារខេត្តក្រចេះ ដែលប្រមូលផ្តុំជុំវិញចំណុចសំខាន់ៗរួមមានជាអាទិ៍៖


ការពង្រឹងក្រុមការងារទាំងអស់ និងការជម្រុញផែនការសកម្មភាពការងារគ្រប់មុខសញ្ញា ដើម្បីចុះជាប់មូលដ្ឋានជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខប្រជាជនជាប្រចាំ ពិសេសប្រមូលកំលាំងសាមគ្គីរួមគ្នាបន្តបង្ការទប់ស្កាត់កូវីដ១៩ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សុខុមាលភាពសហគមន៍ ពុះពារជំនះរាល់ផលប៉ះពាល់ ដែលជាវិបត្តិបង្កដោយជម្ងឺរាតត្បាតជាសាកលនេះ ដើម្បីរក្សាប្រក្រតីភាពជីវភាពប្រជាជន រួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិជារៀងដរាប។

ការជម្រុញកំលាំងសរុបនៃសកម្មភាព និងអំពើល្អរបស់មន្ត្រីយើងគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅមូលដ្ឋាន ឱ្យដើរទន្ទឹមនឹងការខិតខំដោះស្រាយបញ្ហាដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅបន្តពង្រឹងប្រៀប និងកំលាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំរាប់ការបោះឆ្នោតនាពេលខាងមុខ។

អង្គប្រជុំនេះ បានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព ភាតរភាព ពោរពេញដោយឆន្ទះនៃការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ ដើម្បីជ័យជំនះឆ្នាំ២០២២ និងឆ្នាំ២០២៣៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១