ប្រធានក្រុមការងារខេត្តក្រចេះ បន្តចុះជួបមន្ត្រីមូលដ្ឋានក្នុងស្រុកសំបូរ

ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ អមដំណើរដោយលោកស្រី អស់លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកសំបូរ លោកអភិបាលខេត្ត អភិបាល អភិបាលរងស្រុក បានចុះទៅជួបសំណេះសំណាលជាមួយមេឃុំទាំង១០ និងប្រធានភូមិទាំង៥២ ក្នុងស្រុក។ ជំនួបការងារនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំបូរ ។

ចាប់ផ្តើមកម្មវិធី លោក សូម សារិត ប្រធានគណបក្ស និងជាអភិបាលស្រុកសំបូរ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពជាក់ស្តែងជារួម និងបញ្ហាប្រឈមដោយឡែករបស់ស្រុកសំបូរទាក់ទងនឹងផ្នែកសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងប្រជាពលរដ្ឋ។ បន្ទាប់មក លោកមេឃុំសណ្តាន់ លោកស្រីជំទប់ទី១ ឃុំបឹងចារ និងប្រធានភូមិសណ្តាន់ ប្រធានភូមិកំពង់រទេះ ក៏បានចូលរួមរាយការណ៍បញ្ជាក់បន្ថែមពីសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន ។

ថ្លែងបញ្ចប់កម្មវិធីសំណេះសំណាល ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងអំណរគុណកោតសរសើរចំពោះស្នាដៃការងាររបស់មន្ត្រីមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យ និងសមិទ្ធផលធំធេងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តមប្រធានក្រុមការងារខេត្ត ក៏បានជម្រុញលើកទឹកចិត្តមន្ត្រីភូមិ ឃុំ ឱ្យបន្តពង្រីកលទ្ធផលការងារពង្រឹងមូលដ្ឋានដើម្បីប្រមូលកំលាំងសាមគ្គីប្រជាពលរដ្ឋគ្រប់ស្រទាប់ចូលរួមប្រយុទ្ធឈ្នះកូវីដ១៩ រក្សាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសហគមន៍ និងបង្កើនឥទ្ធិពលរបស់បក្ស និងរដ្ឋអំណាចនៅមូលដ្ឋាន សំដៅធានាប្រៀបនយោបាយសំរាប់ការបោះឆ្នោតនៅពេលខាងមុខ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១