ប្រធានក្រុមការងារខេត្តក្រចេះ ចុះជួបមន្ត្រីមូលដ្ឋានក្នុងស្រុកស្នួល និងស្រុកឆ្លូង

ខេត្ក្រចេះ៖ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ២កើត និង ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២០ ឆ្លៀតឱកាសក្នុងដំណើរឈប់សម្រាកទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី និងរតនគិរី ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ បានចុះទៅជួបមន្ត្រីមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្នួល និងស្រុកឆ្លូង។ នៅស្រុកស្នួល ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានជួបសំណេះសំណាលជាមួយប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីគណបក្សឃុំ មេឃុំ ជំទប់ឃុំ និងមន្ត្រីមកពីឃុំទាំង០៦ក្នុងស្រុក នៅទីតាំង០៣កន្លែងខុសគ្នា។ ទីតាំងទី១ នៅឃុំស្រែចារ មានមន្ត្រីមកពីឃុំស្នួល ឃុំស្វាយជ្រះ និងឃុំឃ្សឹម ចូលរួម។ ទីតាំងទី២ នៅឃុំ២ធ្នូ និងទីតាំងទី៣ នៅឃុំក្រញូងសែនជ័យ។ ចំណែកនៅស្រុកឆ្លូង ការជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅទីតាំង០២កន្លែង។ ទីតាំងទី១ នៅមន្ទីរបក្សស្រុកឆ្លូង ដែលមានប្រធាន និងសមាជិកគណបក្សស្រុក អភិបាល អភិបាលរងស្រុក និងមានមេឃុំ ជំទប់ឃុំ មន្ត្រីចូលរួមមកពីឃុំព្រែកសាម៉ាន់ ឃុំកញ្ជរ ឃុំដំរីផុង និងឃុំកំពង់ដំរី។ ទីតាំងទី២ នៅឃុំខ្សាច់អណ្តែត មានមន្ត្រីចូលរួមមកពីឃុំហាន់ជ័យ និងឃុំពង្រ។ ទន្ទឹមនឹងការស្វែងយល់ដើម្បីក្តាប់បានជាក់ស្តែងពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងព័ត៌មាននយោបាយទូទៅតាមមូលដ្ឋាននីមួយៗ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានធ្វើការសំណេះសំណាលជួបប្រាស្រ័យផ្សារភ្ជាប់ជាមួយមន្ត្រីមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញការងារពង្រឹងប្រៀបនិងកម្លាំងនយោបាយនៅមូលដ្ឋានទៅតាមគោលនយោបាយ គោលការណ៍សំខាន់ៗរបស់គណបក្ស និងរដ្ឋាភិបាលឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១