ក្រុមការងារស្រុកបាភ្នំជួបសំណេះសំណាលជាមួយតំណាងកម្មករ ពលករចំណាកស្រុកមកពីគ្រប់ភូមិ

ខេត្តព្រៃវែង៖ ក្នុងឱកាសឈប់សម្រាកការងារដែលចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មកដល់ពេលនេះ មានបងប្អូនកម្មករ ពលករចំណាកស្រុកជាច្រើនបានវិលត្រឡប់មកជួបជុំគ្រួសារ ញាតិមិត្តនៅតាមមូលដ្ឋានក្នុងស្រុកកំណើត។ នៅស្រុកបាភ្នំ ក៏ដូចជាស្រុក ក្រុងដទៃទៀតក្នុងខេត្តព្រៃវែងដែរ ក្រុមការងារចំណាកស្រុកបានរៀបចំកម្មវិធីសំណេះសំណាលនិងជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនចំណាកស្រុកនៅតាមសាលារៀន វត្តអារាមនិងកន្លែងសមស្របនានាក្នុងមូលដ្ឋាន។ ដោយឡែក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ក្រុមការងារបានរៀបចំកម្មវិធីសំណេះសំណាលជាមួយតំណាងបងប្អូនកម្មករ ពលករចំណាកស្រុក មកពីគ្រប់ភូមិទាំង ១០៨ ដោយមានការចូលរួមពីសំណាក់មេឃុំ ប្រធានភូមិ និងសមាជិកក្រុមការងារសរុបអ្នកចូលរួមទាំងអស់មានប្រមាណជាង ៣០០ នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង និងជាប្រធានក្រុមការងារស្រុកបាភ្នំ។ ផ្តើមកម្មវិធីសំណេះសំណាលនេះ លោក ទេព ភារុន អភិបាលស្រុកបាភ្នំបានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលបូកសរុបសកម្មភាពរបស់ក្រុមការងារចំណាកស្រុកចុះសំណេះសំណាលនិងជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក រួមទាំងក្រុមញាតិគ្រួសាររបស់ពួកគេ ក្នុងឱកាសឈប់សម្រាកការងារសងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងនាមគណបក្សនិងរាជរដ្ឋាភិបាលបានថ្លែងការកោតសរសើរដោយស្មោះចំពោះបងប្អូនកម្មករ ពលករចំណាកស្រុកនិងក្រុមញាតិគ្រួសារដែលបានរួបរួមគ្នាចូលរួមជាមួយសង្គមជាតិទាំងមូលដោយខិតខំប្រឹងប្រែង អត់ធ្មត់ ពុះពារការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ធ្វើឱ្យយើងគ្រប់គ្រងបានស្ថានភាពសុខភាពសាធារណៈនិងជំនះបានជាមូលដ្ឋាននូវផលវិបាកទាំងឡាយដែលបណ្តាលមកពីការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មីនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងគូសបញ្ជាក់ពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅរបស់ប្រទេសជាតិដែលទោះជាស្ថិតក្នុងបរិយាកាសនៃការប្រយុទ្ធប្រឆាំងកូវីដ១៩យ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលដោយមានការគាំទ្រពីប្រជាជននៅតែទ្រោលបានស្ថានភាពសេដ្ឋកិច្ច ធានាបានសន្តិភាពនិងស្ថេរភាពសង្គមយ៉ាងរឹងមាំ បង្កលក្ខណៈឱ្យសង្គមជាតិបន្តមានការអភិវឌ្ឍ។ ទន្ទឹមនឹងការបន្តប្រយុទ្ធប្រឆាំងកូវីដ១៩ ក៏ដូចជាការបន្តពុះពារដោះស្រាយបញ្ហាប្រឈមទាំងឡាយនាពេលបច្ចុប្បន្ន យើងក៏ត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្ន ទប់ស្កាត់រាល់ឧបាយកលរបស់មជ្ឈដ្ឋានអគតិដែលកំពុងប្រើប្រាស់ល្បិចកលបោកបញ្ឆោតតាមវិធីឆ្លៀតឱកាសបែបប្រជានិយម សំដៅប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់ប្រជាជន។ ជាក់ស្តែងក្នុងពេលដែលយើងទាំងអស់គ្នាកំពុងជាប់ដៃប្រយុទ្ធប្រឆាំងកូវីដ១៩ ពួកគេមិនគ្រាន់តែជំរុញការឃោសនាអកុសលច្រំដែលៗជុំវិញបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បញ្ហាព្រំដែន បញ្ហាជីវភាពរស់នៅរបស់ប្រជាជន។ល។ ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងឆ្លៀតប្រើប្រាស់ដោយខុសឆ្គងនូវសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ ញុះញង់បង្កចលនាក្នុងសង្គម ប៉ុនប៉ងបំផុសការបះបោរបំផ្លាញសន្តិសុខជាតិ។ ប៉ុន្តែទោះស្ថិតនៅក្នុងកាលៈទេសៈនិងស្ថានភាពណាក៏ដោយ យើងត្រូវមានជំនឿយ៉ាងមុតមាំលើកំលាំងសាមគ្គីប្រជាជាតិទាំងមូលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ ដោយសង្ឈឹមយ៉ាងមោះមុតថាយើងពិតជាឈ្នះកូវីដ១៩ និងជំនះបានរាល់ផលវិបាកនៃវិបត្តិកូវីដ១៩ ហើយសច្ចភាពរបស់យើងពិតជាឈ្នះមហិច្ឆតាអគតិទាំងពួង សំដៅរក្សាគង់វង្សសុខសន្តិភាព ស្ថេរភាព សុខមាលភាព និងវឌ្ឍនភាពរបស់មាតុភូមិនិងប្រជាជនយើង។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១