មន្ត្រីក្រសួងមុខងារសាធារណៈនិងក្រុមការងារស្រុកបាភ្នំ ចុះជួបប្រជាជននៅឃុំរក្សជ័យ


ខេត្ដព្រៃវែង៖ កាលពីព្រឹកថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីក្រសួងមុខងារសាធារណៈនិងក្រុមការងារស្រុកបាភ្នំ ដែលដឹកនាំដោយឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយឯកឧត្តម លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននិងសហការី ព្រមទាំងប្រធានក្រុមប្រឹក្សា អភិបាលស្រុកនិងអាជ្ញាធរនៅមូលដ្ឋានបានចុះទៅជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន ៩០គ្រួសារ មកពីគ្រប់ភូមិទាំង១២ ក្នុងឃុំរក្សជ័យដែលបានជួបជុំប្រមួលផ្តុំគ្នានៅតាមទីតាំងបីកន្លែងខុសគ្នា។


ក្នុងពេលជួបសំណេះសំណាលនោះឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីម្តងទៀតពីសារៈសំខាន់ចាំបាច់នៃការត្រងត្រាប់នូវស្មារតីដឹកនាំរបស់រាជរដ្ឋាភិបាលនិងការអនុវត្តដោយខ្ជាប់ខ្ជួននូវការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការរួបរួមកម្លាំងសាមគ្គីជួយយកអាសារគ្នារវាងប្រជាជនម្នាក់ៗ គ្រួសារនីមួយៗនិងសហគមន៍ភូមិនីមួយៗជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយឱ្យបានជាក់ស្តែងនិងមានប្រសិទ្ធភាពនូវផលប៉ះពាល់ទាំងឡាយទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច អប់រំ។ល។ ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩។


ជាក់ស្តែង ក្រុមការងារទាំងអស់ រួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវជួយប្រជាពលរដ្ឋជម្នះពុះពារបញ្ហាប្រឈមជាចម្បងក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីឆ្លងកាត់ឱ្យផុតការលំបាកបណ្តោះអាសន្ននេះជាអាទិ៍៖ បញ្ហារក្សាស្ថេរភាពជីវភាព បញ្ហាការប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុនិងភាពទំនេររបស់កុមារនិងយុវជនក្នុងពេលសាលារៀនមិនទាន់បើកដំណើរការឡើងវិញ។ល។

ក្នុងឱកាសនោះដែរ តំណាងគ្រួសារនីមួយៗបានទទួលអំណោយជាស្បៀងអាហារ ម៉ាសពាក់មុខ សាប៊ូលាងដៃនិងថវិកាមួយចំនួនផង។ ក្រុមការងារក៏បានជួប និងជូនអំណោយដល់គ្រួសារក្រីក្រលំបាកជាងគេចំនួន៧គ្រួសារ និងពលករចំណាកស្រុក ៣នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃនិងកូរ៉េខាងត្បូង ហើយកំពុងស្នាក់នៅក្នុងស្ថានភាពចត្តាឡីស័ក១៤ថ្ងៃ នៅវិទ្យាល័យ ជា ស៊ីម រក្សជ័យ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១