សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្របខណ្ឌលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ូម សារឿន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្របខណ្ឌលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ។
សិក្ខាសាលាក្នុងពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)រៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (២)ប្រមូលធាតុចូលសំខាន់ៗ ដើម្បីធ្វើកែលម្អក្របខណ្ឌលទ្ធផលនៃការអនុវត្តកម្មវិធីជាតិ (៣)ស្វែងយល់ប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងសូចនាករដែលបានកំណត់ និងយន្តការនៃការអនុវត្ត (៤)រៀបចំដាក់ចេញនូវទម្រង់នៃក្របខណ្ឌលទ្ធផល ដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តពាក់ព័ន្ធទៅនឹងយន្តការអនុវត្ត រំហូរទិន្នន័យ ប្រព័ន្ធរបាយការណ៍ស្តីពីស្ថានភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ។
សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៅសាលាខេត្តកំពងធំ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នាយករដ្ឋបាល អភិបាលក្រុង ស្រុក និងតំណាងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួង-ស្ថាប័ន(ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ប្រធានមន្ទីរមុខងារសាធារណៈ និងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជធានីភ្នំពេញ ខេត្តព្រៃវែង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ប៉ៃលិន ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ ។