សន្និសិទកាសែត ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាមួយប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងបណ្តាញសារព័ត៌មាន


     រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៥. និង៣០ នាទីរសៀល នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើសន្និសិទកាសែត ដើម្បីផ្សព្វផ្សាយខ្លឹមសារលិខិតបទដ្ឋាន គតិយុត្តចំនួនពីរគឺ “ ១/.អនុក្រឹត្យ ស្តីពីការកំណត់ រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង-ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ២/.សារាចរស្តីពី ការកែសម្រួលនីតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ “។


 (១)សារាចរស្តីពីការកែសម្រួលនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍៖ 

     គោលដៅសំខាន់ គឺដើម្បីការពារផលប្រយោជន៍និវត្តជននិងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់ គ្រងការដាក់មន្រ្តីរាជការស៊ីវិលឲ្យ ចូលនិវត្តន៍។ នៅពេលដល់អាយុកំណត់ចូលនិវត្តន៍ មន្រី្តរាជការរូបនោះត្រូវបានដាក់ឲ្យចូលនិវត្តន៍ជាកំហិត និងមិនអនុញ្ញាតឲ្យបំពេញការងារ ក្នុងមុខតំណែងនោះបានទៀតទេ។ ពីថ្ងៃនេះតទៅ ការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ មិនមានការយឺតយូរ និងមិនតម្រូវឲ្យមន្រ្តីរាជការ បំពេញបែបបទ ឬ ដាក់ឯកសារបន្ថែមស្មុគស្មាញច្រើនទៀតទេ។


– មន្ត្រីរាជការដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ មានភារកិច្ចតែមួយគត់ គឺមកបង្ហាញខ្លួនដើម្បីថតរូបថ្មីនិងផ្តិតស្នាមមេដៃរបស់ សាមីជននៅបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ឬការិយាល័យបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល រាជធានី ខេត្ត។ មន្ត្រីរាជការដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ នឹងទទួលបានប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់មុនពេលចូលនិវត្តន៍ ក្នុងគណនីបៀវត្សប្រចាំខែរបស់សាមីជន ត្រឹមខែចុងក្រោយមុនកាលបរិច្ឆេទ កំណត់ការចូលនិវត្តន៍ និង ទទួលបានប្រាក់ សោធននិវត្តន៍នៅខែបន្ទាប់ ក្រោយពេលថតរូប និងផ្តិតស្នាមមេដៃរួច។


ការងារដទៃទៀត គឺជាបន្ទុករបស់នាយកដ្ឋានបុគ្គលិក ឬអង្គភាពទទួលបន្ទុកធនធានមនុស្សរបស់ក្រសួងស្ថាបនសាមី ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ដែលត្រូវបំពេញដូចខាងក្រោម៖

     – ក្រសួងមុខងារសាធារណៈ ជាអ្នកបោះពុម្ពសលាកបត្រព័ត៌មានមន្ត្រីរាជការស៊ីវិលសម្រាប់មន្ត្រី រាជការស៊ីវិលដែលដល់អាយុចូល និវត្តន៍ម្នាក់ៗនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលមានជាចាំបាច់នូវព័ត៌មានផ្ទាល់ខ្លួនរបស់សាមីជន ស្ថានភាពគ្រួសារ កាលបរិច្ឆេទចូលនិវត្តន៍ អតីតភាពការងារ បៀវត្សចុងក្រោយ ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ ប្រាក់សោធននិវត្តន៍ និងលេខគណនីបៀវត្សមន្រ្តីរាជការស៊ីវិលតាមធនាគារ។ សលាកបត្រព័ត៌មាននេះ ត្រូវបញ្ជូនទៅគ្រប់ ក្រសួងស្ថាបនថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឲ្យបានយ៉ាងតិច ៤ខែ មុនកាលបរិច្ឆេទចូលនិវត្តន៍ ដើម្បីឲ្យមន្ត្រីរាជការដែល ត្រូវដល់កំណត់អាយុចូលនិវត្តន៍ ពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន ។

     – យ៉ាងយូរ ២(ពីរ)ខែ មុនកាលបរិច្ឆេទកំណត់ការចូលនិវត្តន៍ ក្រសួង ស្ថាបនសាមី រៀបចំត្រឹមតែបញ្ជីដែលមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត មុខតំណែង និងក្របខ័ណ្ឌរបស់មន្ត្រីរាជការស៊ីវិលដែលត្រូវដាក់ឲ្យចូលនិវត្តន៍ប៉ុណ្ណោះ។ មន្រ្តីរាជការដែល ត្រូវចូលនិវត្តន៍តាមរយៈប្រកាស ត្រូវសម្រេចដោយប្រកាសរបស់ក្រសួង ស្ថាបនសាមី។ ចំពោះមន្រ្តីរាជការដែលត្រូវចូលនិវត្តន៍ តាមរយៈអនុក្រឹត្យឬព្រះរាជក្រឹត្យ គឺជាភារកិច្ចរបស់ក្រសួងមុខងារសាធារណៈដែលត្រូវរៀបចំសំណើដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។

     – ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវទទួលខុសត្រូវរៀបចំបែបបទក្នុងការបើកផ្តល់ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ មុនពេលចូលនិវត្តន៍ ជូនមន្ត្រីរាជការស៊ីវិលតាមរយៈគណនី បៀវត្សប្រចាំខែរបស់សាមីជន ត្រឹមខែចុងក្រោយមុនកាលបរិច្ឆេទ កំណត់ការចូលនិវត្តន៍។

     – បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិលនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវប្រើប្រាស់ សលាកបត្រព័ត៌មានមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍រួមទាំងទិន្ន ន័យអេឡិចត្រូនិច ដែលផ្តល់ឲ្យដោយក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពនិវត្តជនតាមប្រព័ន្ធព័ត៌មានវិទ្យា ផ្តល់សៀវភៅគណនីធនាគារ និងផ្តល់លិខិតទទួលស្គាល់និវត្តជនម្នាក់ៗ យ៉ាងយូរឱ្យបាន១(មួយ)ខែ មុនកាលបរិច្ឆេទកំណត់ឱ្យចូលនិវត្តន៍។

     – ឥឡូវនេះ ខ្ញុំសូមអំពាវនាវដល់និវត្តជនទាំងអស់ដែលមិនទាន់ទទួលបានប្រាក់សោធននិវត្តន៍មេត្តាមកធ្វើបច្ចុប្បន្នភាពដោយការ ថតរូបនិង ផ្តិតយកស្នាមមេដៃនៅបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ឬការិយាល័យបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលរាជធានី ខេត្ត ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន ដើម្បីទទួលបានប្រាក់សោធននិវត្តន៍៕


 (២)អនុក្រឹត្យស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង  ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៖

     គោលបំណងនៃអនុក្រឹត្យ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការបំពេញមុខងារ ការកំណត់គណនេយ្យភាព និងការទទួល ខុសត្រូវទៅតាមកម្រិតឋានានុក្រមនៃមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងស្ថាបនថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

     គោលដៅសំខាន់ គឺធានាឱ្យមានសង្គតិភាពនៃរចនាសម្ព័ន្ធគ្រប់គ្រង និង កំណត់ចំនួនអតិបរមានៃមុខតំណែងក្នុងរចនាសម្ព័ន្ធ គ្រប់គ្រងរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៖

     – សម្រាប់ថ្នាក់ជាតិ ចាប់ពីមុខតំណែងអគ្គនាយកឬអគ្គលេខាធិការឬថ្នាក់ប្រហាក់ប្រហែលរហូតដល់ថ្នាក់ក្រោមអនុប្រធានការិយាល័យ

     – សម្រាប់ថ្នាក់ក្រោមជាតិ ចាប់ពីមុខតំណែងអភិបាលនៃគណៈអភិបាល (ទាំងកម្រិតខេត្ត រាជធានី និងក្រុង ស្រុក) រហូតដល់ មុខតំណែងថ្នាក់ក្រោមអនុប្រធានការិយាល័យ ឬមុខតំណែប្រធានអង្គភាពជំនាញ និងអនុប្រធានអង្គភាពជំនាញ និង

     – ជាពិសេស ចំនួននៃមុខតំណែងគ្រប់គ្រងកម្រិតអនុប្រធាន ឬថ្នាក់ប្រហាក់ប្រហែលត្រូវបានកំណត់ដូចខាងក្រោម៖

       + អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ឬថ្នាក់ប្រហាក់ប្រហែល មានយ៉ាងច្រើនបំផុត ៥រូប ក្នុងករណីចាំបាច់ លើសពីចំនួនដែលបានកំណត់នេះ ក្រសួងស្ថាប័នសាមី ត្រូវស្នើសុំការសម្រេចពីនាយករដ្ឋមន្រ្តី។

       + អនុប្រធាននាយកដ្ឋានឬថ្នាក់ប្រហាក់ប្រហែល មានច្រើនបំផុតត្រឹម៣រូបទៅ៥ រូប

       + អនុប្រធានការិយាល័យឬថ្នាក់ប្រហាក់ប្រហែល មានច្រើនបំផុតត្រឹម២រូបទៅ៤រូប

       + អភិបាលរងនៃគណៈអភិបាល នាយករងរដ្ឋបាល នាយករងទីចាត់ការ អនុប្រធានការិយាល័យ នៃសាលារាជធានី ខេត្ត និងអភិបាលរងនៃគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធាន ការិយាល័យក្រុង ស្រុក ខណ្ឌ ត្រូវមានចំនួនអនុលោម បទប្បញ្ញត្តិជាធរមាន

       + អនុប្រធានមន្ទីរជំនាញរាជធានី ខេត្តឬថ្នាក់ប្រហាក់ប្រហែល មានច្រើនបំផុតត្រឹម៣រូប

       + អនុប្រធានការិយាល័យនៃមន្ទីរជំនាញរាជធានី ខេត្តឬថ្នាក់ប្រហាក់ប្រហែល អនុប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ មានច្រើនបំផុតត្រឹម២រូប

       + អនុប្រធានការិយាល័យនៃការិយាល័យជំនាញក្រុង ស្រុក ខណ្ឌឬថ្នាក់ប្រហាក់ប្រហែល ត្រូវ មានចំនួន១រូប

       + នាយករងវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងសាលាមត្តេយ្យសិក្សាសាធារណៈ ត្រូវបាន កំណត់អនុលោមនិយាមរបស់ ក្រសួងអប់រំ យុវជន និងកីឡាដែលមានជាធរមាន ដោយចំនួន អតិបរមានៃមុខតំណែងកម្រិតនាយករងមិនឱ្យលើសពីចំនួន៣រូប

       + អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត មានចំនួនច្រើនបំផុតត្រឹម២រូប

       + អនុប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុកខណ្ឌនិងអនុប្រធានមណ្ឌលសុខភាព មានចំនួន១រូប។


     ចាប់ពីខែកញ្ញា ឆ្នាំ២០១៥នេះតទៅ ចំពោះមន្រ្តីរាជការទាំងអស់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានទទួលការតែងតាំង ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិជាធរមានឲ្យកាន់មុខតំណែងគ្រប់គ្រងកម្រិតអនុប្រធាន ឬថ្នាក់ប្រហាក់ប្រហែលលើសពីចំនួនដែលបាន រៀបរាប់ខាងលើ (ដូចខ្លឹមសារមាត្រា៥នៃអនុក្រឹត្យនេះ) ដែលកន្លងមកមិនបានទទួលប្រាប់បំណាច់មុខងារ ត្រូវរក្សានៅចំនួនដដែលនិង ត្រូវរៀបចំផ្តល់ជូនប្រាក់បំណាច់មុខងារតាមកម្រិតនៃមុខតំណែងនោះ ប៉ុន្តែមិនមានអានុភាពប្រតិសកម្ម ឬមិនត្រូវបាន  ផ្តល់ប្រាក់រំលឹកឲ្យនោះទេ។

     ចំពោះការតែងតាំងឱ្យកាន់មុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិណាមួយ ត្រូវផ្អែកលើ មុខតំណែងទំនេរ លក្ខណសម្បត្តិស័ក្តិសមរបស់បេក្ខជនសម្រាប់មុខតំណែង ទំហំការងារ ផលិតភាពការងារ លទ្ធភាពថវិកា និងការធានានូវ និរន្តរភាពការងារក្នុងអង្គភាព។ ប៉ុន្តែរាល់ការតែងតាំងដើម្បីជំនួសមុខតំណែងទំនេរ តែលើសចំនួនកំណត់ដែលបានរៀបរាប់ខាងលើ (ដូចខ្លឹមសារមាត្រា៥នៃអនុក្រឹត្យនេះ) មិនត្រូវបានអនុញ្ញាតឡើយ។

     ចំណែកឯការបង្កើត ការលុប និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងនៃក្រសួងស្ថាបនទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយអនុក្រឹត្យ ឬ ប្រកាស បន្ទាប់ពីទទួលបានការឯកភាពជាមុនពីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

     គ្រប់ក្រសួងស្ថាប័ន មិនត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងអចិន្រ្តៃយ៍ថ្មីដែលនាំឱ្យបង្កើនបន្ទុកចំណាយថវិកា គឺត្រូវប្រើប្រាស់រចនាសម្ព័ន្ធគ្រប់គ្រងដែលមានស្រាប់ធ្វើជាលេខាធិការដ្ឋាន។

     ក្រសួង ស្ថាប័ននិងអង្គភាពទាំងឡាយនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវធ្វើការបែងចែក និងការកំណត់មុខងារ និងភារកិច្ចច្បាស់លាស់ ដល់មន្រ្តីរាជការដែលកាន់មុខតំណែងគ្រប់គ្រង និងមន្រ្តីរាជការ ដែលបំពេញការងារក្នុងក្រសួង ស្ថាប័ន និងអង្គភាពរបស់ខ្លួន។ បើមិនធ្វើ ដូចនេះទេ គឺមិនអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្រ្តីរាជការក្របខណ្ឌថ្មី មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតក្នុងឆ្នាំនីមួយៗឡើយ។


ចំពោះការតែងតាំង ការផ្លាស់ប្តូរនិងការបញ្ចប់មុខតំណែងមន្រ្តីរាជការស៊ីវិល រាជរដ្ឋាភិបាលបានសម្រេចតាមរយៈខ្លឹមសារនៃអនុក្រឹត្យនេះថា៖

       + “ប្រធានស្ថាប័ន ត្រូវលើកសំណើស្តីពីការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងមន្រ្តីរាជការ ចាប់ពីថ្នាក់ប្រធាន នាយកដ្ឋានឡើង ជូននាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេច ដោយភ្ជាប់មកជាមួយនូវសេចក្តីព្រាងព្រះរាជក្រឹត្យនិងអនុក្រឹត្យអនុលោម បទបញ្ញត្តិជាធរមាន តាមរយៈក្រសួងមុខងារសាធារណៈដែលមានភារកិច្ច ពិនិត្យនិងផ្ទៀងផ្ទាត់សំណើនេះ ដោយអនុលោម បទប្បញ្ញត្តិជាធរមាន។ក្រសួងមុខងារសាធារណៈ ត្រូវរៀបចំឯកសារពាក់ព័ន្ធសំណើស្តីពីការតែងតាំង ការផ្លាស់ប្តូរ និងការ បញ្ចប់មុខតំណែងមន្រ្តីរាជការជូននាយករដ្ឋមន្រ្តី ក្នុងរយៈពេលយ៉ាងយូរ១០(ដប់)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសំណើ ដែលមានឯកសារចាំបាច់និងគ្រប់គ្រាន់ពីក្រសួង ស្ថាប័នសាមី”។

       + “ប្រធានស្ថាប័ន ត្រូវបញ្ជូនប្រកាសស្តីពីការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាន នាយកដ្ឋានចុះ មកក្រសួងមុខងារសាធារណៈក្នុងរយៈពេលយ៉ាងយូរ ៧(ប្រាំពីរ)ថ្ងៃបន្ទាប់ ពីថ្ងៃចេញប្រកាស ដើម្បីពិនិត្យ នីត្យានុកូលភាពនិងបំពេញបែបបទពាក់ព័ន្ធនឹងបៀវត្ស ព្រមទាំងការធានាការអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។ ក្នុងករណី ពិនិត្យឃើញថា ការតែងតាំង ឬការផ្លាស់ប្តូរ ឬការបញ្ចប់មុខតំណែងមន្រ្តីរាជការខាងលើនេះ ធ្វើឡើងមិនត្រឹមត្រូវតាម បទប្បញ្ញត្តិជាធរមាន ក្រសួងមុខងារសាធារណៈ ត្រូវធ្វើរបាយការណ៍ជូន នាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេច”។

       + “មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ដីកាស្តីពីការតែងតាំង ការផ្លាស់ប្តូរ និង ការបញ្ចប់មុខតំណែង មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់ក្រោមជាតិដែលមាន  សុពលភាពផ្អែកលើរចនាសម្ព័ន្ធ មុខតំណែង និងចំនួនមុខតំណែង គ្រប់គ្រងក្នុងរចនាសម្ព័ន្ធ អនុលោមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ មុននឹងសម្រេចរៀបចំការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលរបស់ មន្រ្តីរាជការស៊ីវិលក្នុងតារាងទូទាត់បៀវត្សមន្រ្តីរាជការស៊ីវិល។

       + ក្នុងករណីមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ពិនិត្យឃើញថា ដីកាខាងលើមិនស្របនឹងរចនា    សម្ព័ន្ធមុខតំណែងនិងចំនួន មុខតំណែងគ្រប់គ្រង មន្ទីរ មិនត្រូវរៀបចំការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលរបស់មន្រ្តីរាជការស៊ីវិលក្នុងតារាងទូទាត់បៀវត្សមន្រ្តី រាជការស៊ីវិលឡើយ ហើយត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរជម្រាបជូន ប្រធានអង្គភាពសាមី និង ចម្លងជូនអភិបាលនៃ គណៈអភិបាលរាជធានីខេត្តពាក់ព័ន្ធក្នុងរយៈពេលយ៉ាងយូរ៧(ប្រាំពីរ)ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានដីកា ដើម្បីមានចំណាត់ការឱ្យសមស្របតាមបទប្បញ្ញត្តិជាធរមាន។

ដើម្បីអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពនិងសម្រេចបានតាមគោលដៅ រាជរដ្ឋាភិបាលបានកំណត់តាមរយៈខ្លឹមសារនៃអនុក្រឹត្យនេះថា៖

       + មន្រ្តីរាជការស៊ីវិលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលមានសមត្ថកិច្ចផ្អែកលើបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ហើយមិនបានបំពេញ ដោយត្រឹមត្រូវ ឬ ខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយចេតនាឬអចេតនា ត្រូវចាត់ទុកជាកំហុសនិងការឆ្គាំឆ្គង ក្នុងវិជ្ជាជីវៈដែលត្រូវទទួលទណ្ឌ កម្មខាងវិន័យ។ មន្ត្រីរាជការស៊ីវិលពាក់ព័ន្ធខាងលើ ត្រូវទទួលទណ្ឌកម្មខាងវិន័យយ៉ាងហោចក្នុង កម្រិតការផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ និង/ឬ ត្រូវលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់ ដោយមិនរាប់ បញ្ចូលនូវទោសប្បញ្ញត្តិផ្សេងទៀត ដែលច្បាប់បានកំណត់ជាធរមាន។

       + ឥឡូវនេះ ក្រសួងមុខងារសាធារណៈ បានបង្កើតរួចរាល់ហើយនូវតារាងគំរូសម្រាប់រៀបចំចងក្រងរចនាសម្ព័ន្ធគ្រប់គ្រង មុខតំណែងគ្រប់គ្រង និងចំនួនមន្ត្រីនៅតាមមុខតំណែងគ្រប់គ្រង ដើម្បីផ្តល់ជូនទៅគ្រប់ក្រសួងស្ថាបនថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។

       + ក្នុងរយៈពេលយ៉ាងយូរ៣(បី)ខែក្រោយពីអនុក្រឹត្យនេះចូលជាធរមាន គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវរៀបចំចងក្រងរចនាសម្ព័ន្ធគ្រប់គ្រង មុខតំណែងគ្រប់គ្រង និងចំនួនមន្ត្រីនៅតាមមុខតំណែងគ្រប់គ្រង ផ្តល់មក ក្រសួងមុខងារសាធារណៈឱ្យបានរួច រាល់ ផ្អែកលើតារាងគំរូផ្តល់ដោយក្រសួងមុខងារសាធារណៈ ព្រមទាំងត្រូវចាត់ចែង ណែនាំដល់អង្គភាពក្រោមឱវាទនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឱ្យរៀបចំបែងចែកភារកិច្ចទៅតាមមុខតំណែង និងភារកិច្ច ដល់មន្រ្តីរាជការគ្រប់រូបនៃអង្គភាពរបស់ខ្លួន ឱ្យបានច្បាស់ លាស់និងរួចរាល់ ដើម្បីកំណត់បន្ទាត់គណនេយ្យភាពនិង ការទទួលខុសត្រូវរបស់មន្រ្តីរាជការស៊ីវិលម្នាក់ៗក្នុងការបំពេញមុខងាររបស់ខ្លួន៕


សមាសភាពចូលរួមមាន៖ ទូរទស្សន៍កម្ពុជាជាតិ(ទទក) -​ ទូរទស្សន៍ស៊ីអិនស៊ី (CNC) – បាយ័ន – អប្សរា និងបណ្តាញសារព័ត៌មាន កាសែតមួយចំនួនទៀត ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១