ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងករណីសិក្សាពាក់ព័ន្ធប្រសិទ្ធភាពនៃការគ្រប់គ្រងវត្ដមានមន្ដ្រីរាជការស៊ីវិល នៅខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.រ) នៃក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងករណីសិក្សាពាក់ព័ន្ធប្រសិទ្ធភាពនៃការគ្រប់គ្រងវត្ដមានមន្ដ្រីរាជការស៊ីវិល។

គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនៅក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ដោយធ្វើការជ្រើសរើសសំណាកគម្រូ ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មួយចំនួន) និងប្រមូលធាតុចូលពាក់ព័ន្ធទៅនឹងការរៀបចំករណីសិក្សាខាងលើ រួចរៀបចំនិងដាក់ចេញករណីសិក្សាស្តីពី “ប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល”។

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.រ)នៅសណ្ឋាគារ អាលីសវីឡា ដែលមានសមាសភាពអញ្ជើញចូលរួមមកពី តំណាងក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងមកពី រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តតាកែវ សរុបចំនួន ៧៥ នាក់ ក្នុងនោះស្ត្រី ០៩ នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១