កម្មវិធី ការវាយតម្លៃបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាលនៅថ្នាក់ជាតិ ក្នុងដំណាក់កាលបឋម


រាជធានីភ្នំពេញ៖ អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល កាលពីព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំដំណើរការវាយតម្លៃបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ក្នុងដំណាក់កាលបឋម នៅសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងដំណាក់កាលនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងធ្វើការវាយតម្លៃជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈ ដែលត្រូវបានជ្រើសសម្រាំងពីថ្នាក់ រាជធានី ខេត្ត ក្នុងនោះវិស័យអប់រំមាន វិទ្យាល័យចំនួន ៤១ និងវិស័យសុខាភិបាល មានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ចំនួន ១៦ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២(CPA2) ចំនួន ១៧ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) ចំនួន ១៧។ បេក្ខភាពអង្គភាពដែលជាប់ក្នុងការវាយតម្លៃ និងជ្រើសសម្រាំងក្នុងដំណាក់កាលបឋមនេះ នឹងត្រូវដាក់ឱ្យធ្វើការប្រកួតប្រជែងបន្តទៀត នៅដំណាក់កាលវាយតម្លៃជ្រើសសម្រាំងបេក្ខភាពជ័យ លាភី។ ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលនៅដំណាក់កាលបឋមនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១