ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសំរាប់ឆ្នាំ ២០១៧របស់ក្រសួងមុខងារសាធារណៈ



រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ខ្លួន នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងរយៈពេលពីរថ្ងៃនៃដំណើរការអង្គសន្និបាតនេះ ក្រសួងមុខងារសាធារណៈបានដាក់ទិសដៅសម្រាប់ការងារឆ្នាំ២០១៧ និងឆ្នាំបន្ត ក្នុងនោះរួមមាន៖
– ការរៀបចំផែនការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងការត្រៀមដាក់ចេញនូវវិធានការគាំទ្រផ្សេងៗចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ ដើម្បីសម្រេចគោលដៅ ក្នុងការផ្តល់ជូនមន្រ្តីរាជការនូវបៀវត្សទាបបំផុត ១ លានរៀលក្នុង១ខែនៅឆ្នាំ២០១៨
– ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈជាប្រព័ន្ធស្របតាមសេចក្តីត្រូវការនៃការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងនោះត្រូវមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមតួនាទីរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែសកម្មក្នុងការបណ្តុះបណ្តាល ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការកម្រិតគ្រប់គ្រងជាន់ខ្ពស់ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តី
– ការជំរុញការផ្តល់សេវាសាធារណៈ ផ្អែកលើគោលនយោបាយ និងស្តង់ដាសេវាសាធារណៈច្បាស់លាស់ ប្រព័ន្ធត្រួតពិនិត្យគុណភាពនិងប្រសិទ្ធភាព និងយន្តការស្ថាប័នសម្រាប់ទទួលបណ្តឹងតវ៉ា និងព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវា ដើម្បីឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ
– ការពង្រឹងសមត្ថភាពមន្រ្តីរាជការគ្រប់លំថ្នាក់នៃក្រសួងមុខងារសាធារណៈតាមរយៈ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ ដើម្បីបង្កើតនូវវប្បធម៌ចែករំលែកចំណេះដឹង ចំណេះធ្វើ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងផលិតភាពការងារ។
– ទាញយកឯកសារសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦
– ទាញយកបណ្ណាល័យរូបភាព

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១